ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី៤
នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី៤ ក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»នៅទីស្នាក់ការស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ថវិកាដែលសាខាកាកបាទក្រហមខេត្តព្រះសីហនុ ទទួលបានពីសប្បុរសជនចូលរួមបរិច្ចាគថវិកាលើកទី៤ ចំនួន ២២ ០៦០ ០០០រៀល និង ១៧ ៥៥៦ដុល្លាអាមេរិក។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តាងនាមឱ្យសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ អាជីវករ ពាណិជ្ជករ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះបំផុត ជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រារ ។ល។ តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ឯកឧត្តម ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ឆាគធនធានរបស់ខ្លួនចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ពុំខានឡើយ។ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅរង់ចាំទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ គ្រប់ពេលវេលា និងសូមជូនពរឱ្យឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋានមានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃ រកស៊ីទទួលទានមានបានកាន់តែល្អបន្ថែមទៀត។
សូមរម្លឹកថា ថវិកាដែលសាខាកាកបាទក្រហមខេត្តព្រះសីហនុ ទទួលបានពីសប្បុរសជនចូលរួមបរិច្ចាគថវិកាលើកទី១ ចំនួន ៣៥នាក់ ស្មើនឹង ១៤៩ ៧៩០ ០០០រៀល និង ៨៣ ៩៥០ដុល្លារអាមេរិក និងទឹកបរិសុទ្ធមួយចំនួន លើកទី២ ១៣៥នាក់ ទឹកប្រាក់ចំនួន ១០០ ៥៤០ ០០០រៀល និង ២០៧ ១៦០ដុល្លារអាមេរិក និងលើកទី៣ ទឹកប្រាក់ចំនួន ៥៩ ៦៩៥ ០០០រៀល និង ៧០ ១៣០ ដុល្លារអាមេរិក។