ព័ត៌មានជាតិ

ក្នុងឱកាសសម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យចូលជួបនៅភូមិគ្រឹះរបស់សម្តេច គណៈប្រតិភូក្រុមហ៊ុន ហុង ឌី សេង ស្ទីល (Hong De Sheng Steel) នាំយកអំណោយម៉ាសចំនួន២០ម៉ឺនម៉ាស សម្រាប់ទុកចែកជូនប្រជាពលរដ្ឋកម្ពុជា

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លើកឡើងថា រាជរដ្ឋភិបាលកម្ពុជា បានបើកចំហ និងលើកទឹកចិត្តដ​ល់​​ការវិនិយោគពីបរទេស ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច អភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋធ្វើការរស់នៅក្នុងជីវភាពសមរម្យ ប្រទេសជាតិមានសុខ សន្តិភាព។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន ហុង ឌី សេង ស្ទីល (Hong De Sheng Steel) នាំយកអំណោយម៉ាសចំនួន២០ម៉ឺនម៉ាស សម្រាប់ទុកចែកជូនប្រជាពលរដ្ឋកម្ពុជា នៅភូមិគ្រឹះរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៦ ខែកក្កដា។
សម្តេចពញាចក្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានផ្តល់ម៉ាស សម្រាប់ចែកជូនពលរដ្ឋប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សម្តេច មានប្រសាសថា អំណោយនាពេលនេះ បានឆ្លុះបង្ហាញពីស្មារតីសាមគ្គីភាព និងវប្បធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន និងចាំបាច់។
បើតាមការបញ្ជាក់របស់លោក លីន សេងរ៉ុង (LIN XIANGRONG) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហុង ឌី សេង ស្ទីល បានឱ្យដឹងថា ក្រុមហ៊ុននេះ បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៩ បន្ទាប់ពីមើលឃើញថា កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ដែលបង្កលក្ខណៈ អំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន។ លោកថា ក្រៅពីការវិនិយោគ ក្រុមហ៊ុនរបស់ខ្លួនក៏បានចូលរួមចំណែកក្នុងការងារសង្គម ដូចជាការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា ជាដើម៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button