ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើការ​ណែ​នាំដល់ប្រជាពលរដ្ឋមិនត្រូវបរិ​ភោ​គស្រាស ឬស្រាថ្នាំដែលលាយផ្សំសាធាតុដែលគ្មានប្រភពច្បាស់លាស់

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើការណែនាំដល់ប្រជាពលរដ្ឋមិនត្រូវបរិភោគស្រាស ឬស្រាដែលលាយផ្សំសាធាតុ​ដែ​លគ្មានប្រភពច្បាស់លាស់ ខណៈដែលចំនួនអ្នកពុលស្រានៅខេត្តបន្ទាយមានជ័យបានកើនឡើងជាង ៤៤នាក់និងបាត់បង់​ជី​វិ​ត​រហូតដល់ ០៧នាក់។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញនូវគោលការណ៍ ជូនឯកឧត្តម លោកជំទាវ អភិ​បា​​​លនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ធ្វើការណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត អោយបង្កើនការក្រើនរំលឹ​ក​ប​ង​​​ប្អូនប្រជាពលរដ្ឋ ពីការថែទាំសុខភាពដោយមិនត្រូវទិញ និងបរិភោគស្រាស ឬស្រាថ្នាំ ដែលផលិត ឬបិត ដោយមិនមានប្រភពច្បា​​​ស់លាស់ មិនមានលក្ខណៈប​ច្ចេ​​​​ក​ទេសត្រឹមត្រូវជាដាច់ខាត ជាពិសេសស្រាដែលយកមេតាណុលមកលាយ ត្រូវហាមឃាត់ដា​ច់​ខា​​​​​​ត។ ត្រូវបញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រាស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំ ដោយមិនត្រឹមត្រូវតាមលក្ខណៈប​ច្ចេ​ក​​​​​​ទេស។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាពដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក ស​​​ន្លប់ ប្រកាច់ ពិ​បា​កដកដង្ហើមជាដើម សូមស្វែងរកការពិគ្រោះពិនិត្យ និងព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទី​ពេ​ទ្យដែលនៅជិតលោកអ្នកជាទីបំផុត។ បន្ថែមពីនេះទៀត ដើម្បីចៀសវាងការពុលចំណីអាហារ ប្រជាពលរដ្ឋត្រូវតែបង្កើនការអ​នុ​វត្តអនាម័យល្អ រស់នៅស្អាត ដោយឧស្សាហ៍លាងសំអាតដៃជាមួយនឹងសាប៊ូ នៅមុនពេល និងក្រោយពេលចម្អិនម្ហូបអាហារ និ​ង​ក្រោយពេលបន្ទោរបង់ សម្អាតបន្លែផ្លែឈើ ត្រីសាច់ និងសម្ភារៈប្រើ​ប្រាស់ ឲ្យបានស្អាតត្រឹមត្រូវ បរិភោគទឹកស្អាត ឬទឹកដាំពុះល្អ ពិសារអាហារដែលឆ្អិនល្អត្រឹមត្រូវ និងកុំពិសារសាច់សត្វស្លាប់ ឬសាច់ឆៅច​ម្អិន​មិនល្អ ត្រូវទុកដាក់ម្ហូបអាហារនៅដាច់ដោយ​ឡែ​​​កពីគ្នាកុំឲ្យច្របូកច្របល់ និងកុំរក្សាម្ហូបទុកយូរពេកនាំឲ្យផ្លូម ឬអាចមានមេរោគ។ បើរក្សាទុកម្ហូប ត្រូវរក្សាទុកក្នុងសី​តុណ្ហ​ភា​ព បើត្រជាក់នៅក្រោម ០៥អង្សាសេ និងបើក្តៅ ត្រូវលើសពី ៦០អង្សាសេ ចៀសវាងការពិសារប្រៃពេក ផ្អែមពេក និងខ្លាញ់ពេ​ក​ ដើម្បីសុខភាពផ្ទាល់ខ្លួន មិនត្រូវបង្ហូរឬចោលកាកសំណល់ឬសារធាតុគីមី ចូលក្នុងបឹង ទន្លេ ឬព្រែក ដែលជាប្រភពទឹកស​ម្រា​ប់​​​​​​ប្រ​ជា​ជនប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ ព្រោះវាជាប្រភពបណ្តាលឱ្យពុលបាន។

បើមានបញ្ហាសុខភាព ឬហេតុការណ៍អ្វីមួយដែលសង្ស័យ ត្រូវស្វែងរកការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសា​ធា​រ​ណៈ​ ដែលមានគ្រូពេទ្យបណ្តុះបណ្តាលត្រឹមត្រូវ ឬរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាលខេត្តដែលខ្លួនរស់នៅ ឬទូរស័​ព្ទ​មកក្រសួងសុខាភិបាល ដើម្បីចាត់វិធានការជួយបានទាន់ពេលវេលា។

សូមបញ្ជាក់ថា យោងតាមការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានភាពពុលស្រានៅខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី១៣ ខែ​មិ​​ថុ​នា ឆ្នាំ២០២​០​ ហេតុការណ៍ពុលស្រាថ្នាំចិនសែតាំងគួយ (លើសំបកដបស្រា មានសរសេរអក្សរដាក់ថា ប៉ូវកម្លាំង សម្រួលសរសៃ និ​​​ងក្រពះ) បានកើតឡើងនៅក្នុងភូមិចំនួន ០៩ភូមិ នៅក្នុងក្រុងប៉ោយប៉ែត និងស្រុកម៉ាល័យនៃខេត្តបន្ទាយមានជ័យ ដែល​មា​នអ្នកពុលស្រាថ្នាំនេះ សរុបចំនួន ៤៤នាក់ ក្នុងនោះ មានស្ត្រីចំនួន ០៣នាក់ និងមានបុរសចំនួន ០៧នាក់បានស្លាប់៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button